អ្នកច្បាប់​រដ្ឋសភា​៖លោក អ៊ុំ សំអាន ប្រឈម​នឹង​វិន័យ​រដ្ឋបាល និង​ប្ដឹង ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

ភ្នំ​ពេ​ញ៖ក្រុមអ្នកច្បាប់​ក្នុង​រដ្ឋសភា និង​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រង់ចាំ​ចម្លើយ​ពី​លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង លោក អ៊ុំ សំអាន​។ នេះ​បើ​យោងតាម​ការបញ្ជាក់របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។​

ប្រព័ន្ធផ្សព្វផ្សាយ RFA បាន​រាយការណ៍​ថា តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​នៃ​រដ្ឋសភា លោក ឈាង វុន មានប្រសាសន៍​នៅ​ថ្ងៃទី​២១កក្កដា ថា ក្រុមអ្នកច្បាប់​ក្នុង​រដ្ឋសភា បានដាក់​លទ្ធផល​នៃ​កិច្ច​សិក្សា​ពិគ្រោះ​យោបល់​លើ​ករណី​តំណាងរាស្ត្រ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដែល​ចង់​ប្ដឹង​ប្រធានរដ្ឋសភា ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ និង​ការបញ្ចេញមតិ​នានា​ទាក់ទង​បញ្ហា​ព្រំដែន​នៅលើ​ទំព័រ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook)​។ លោក​បន្តថា ករណីនេះ​ក្រុមអ្នកច្បាប់​នៅ​រដ្ឋសភា និង​ក្រុមតំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ចាត់ទុកជា​ការចោទប្រកាន់ វាយប្រហារ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធានរដ្ឋសភា​។​

​លោក​បន្តថា ករណីនេះ លោក អ៊ុំ សំអាន អាច​ប្រឈម​នឹង​ករណី​ពីរ​យ៉ាង គឺ​វិធានការ​ដាក់វិន័យ​រដ្ឋ​បាល​ក្នុង​រដ្ឋសភា​តាម​បទបញ្ជាផ្ទៃក្នុង និង​ការប្រើ​សិទ្ធិ​បុគ្គល​ប្ដឹង​តាមផ្លូវ​តុលាការ បើសិនជា​ប្រធានរដ្ឋសភា ចង់​ប្រើ​សិទ្ធិ​របស់លោក​ចាត់ការ​លើ​រឿងនេះ​៖ «​បញ្ជាក់ ត្រង់នេះ​មួយ ត្រង់​គាត់​និយាយថា អ៊ីចឹង​តើ​បានជា​យួន និយាយថា​ភូមិកំណើត​របស់​សម្ដេច​ស្ថិតក្នុង​ដី​យួន អត់​ហ៊ាន​ក្អក​ជាមួយ​យួន កុំ​ចង់យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ឲ្យ​យួន ដូរ​ជាមួយ​ភូមិកំណើត​សម្ដេច​វិញ​»​។​

​ក្រុមអ្នកច្បាប់​ក្នុង​រដ្ឋសភា បង្ហាញជូន លោក ហេង សំរិន ថា ការបញ្ចេញមតិ​របស់ លោក អ៊ុំ សំអាន ប៉ះពាល់​ដល់​បុព្វសិទ្ធិ និង​សិទ្ធិ​សម្រេច​របស់​ប្រធានរដ្ឋសភា ដូច​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។​

​ទោះយ៉ាងណា លោក អ៊ុំ សំអាន នៅតែ​ប្រកាន់​ជំហរ​ដដែល គឺ​លោក​ធ្វើការ​ទៅតាម​ច្បាប់ មិនមែនជា​ការប្រមាថ​ចោទប្រកាន់​វាយប្រហារ ក្នុង​បំណង​អាក្រក់​នោះទេ ហើយ​លោក​មិន​ព្រួយបារម្ភ​ចំពោះ​ការចាត់វិធានការ​លើ​រូបលោក​តាម​មធ្យោបាយ ណាមួយ​នោះឡើយ​៕​ដកស្រង់​ដោ​យ៖​រតនា

mkjnll

​តំណាងរាស្ត្រ​គណបក្ស​ស​ង្រោះ​ជាតិ លោក អ៊ុំ សំអាន (​ពាក់អាវ​ពណ៌​ស្វាយ​) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម តន់​ហន់ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្តកំពត ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០១៥​។