​អ្នកទោស​​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​​ហែក​គុក​រត់គេច​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2020 ក+ ក-

ខេត្តកំពង់ស្ពឺ ៖ ក្រុមទណ្ឌិតប្រមាណ៣០នាក់ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

បើតាមលោក វ៉ី សំណាង បានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញ៕