មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងជំងឺ COVID-19 កើនដល់១១១ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2020 ក+ ក-

រ៉ង់ហ្គូន ៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់ ១១១ករណីហើយ ខណៈ០៤ករណី គឺជាករណីថ្មី ទើបតែបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗទាំង ០៤ករណីខាងលើ ត្រូវបានរាយការណ៍ចេញពីទីក្រុងរ៉ង់ហ្គូន (Yangon) ហើយអ្នកជំងឺអស់នោះទៀតសោត គឺពុំមានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយនារយៈពេល១៤ថ្ងៃចុងក្រោយនេះ។ ប៉ុន្តែមាន ០២នាក់ក្នុងចំណោមពួកគេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណី COVID-19 មុនៗ។

បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែមីនាមក មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន ០៥នាក់ក្នុងចំណោមករណីសរុបទាំង ១១១ករណី ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ០៧នាក់ផងដែរ។

ជាមួយគ្នានេះ នៅចំពោះមុខ នៃការរាតត្បាតជំងឺដ៏កាចសាហាវនេះ អាជ្ញាធរមីយ៉ាន់ម៉ា បានដាក់ចេញនូវបំរាមគោចរពេលយប់ នៅតាមតំបន់មួយចំនួនផងដែរ ដូចជានៅរដ្ឋធានីណៃពិដោ (Nay Pyi Taw), ទីក្រុងរ៉ង់ហ្គូន (Yangon) និងទីក្រុងម៉ាន់ដាឡាយ (Mandalay) ជាដើម។ ទន្ទឹមនោះអាជ្ញាធរក៏បានណែនាំកុំឲ្យមានការប្រមូលផ្តុំមនុស្សលើសពី០៥នាក់ឡើងទៅផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៕