ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១២នាក់ និងគ្មានមនុស្សស្លាប់ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2020 ក+ ក-

ប៉េកាំង ៖  ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ០៨ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ០៤ ករណីផ្សេងទៀតជាករណីឆ្លងស្រុកតែម្តង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន ០៣ ករណីត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០១ ករណីចុងក្រោយនៅតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia)។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,០៨៤នាក់ហើយ ដោយក្នុងនោះ ២២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យទម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៧៤៧ករណី ក្នុងនោះ ៤,៦៣២ នាក់បានបាត់បង់ជីវិត៕