ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ស្ថានភាព COVID-19 នៅកម្ពុជានៅមានសភាពផុយស្រួយនៅឡើយ បើទោះបីជារយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ យើងរកមិនឃើញមានករណីឆ្លង COVID-19 ថ្មី។ ការថ្លែងបែបនោះធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃច័ន្ទន។
លោកស្រីអ្នកនាំពាក្យបានព្រមានថា ប្រសិនបើយើងទាំងអស់គ្នាភ្លេចខ្លួននោះយើងនឹងរងនូវ ការវាយលុក COVID-19 មិនខានព្រោះថា នៅបណ្តាប្រទេសមួយចំនួនកំពុងតែរងការវាយ លុកជំងឺ COVID-19 នោះនៅឡើយ។ ទន្ទឹមនោះក៏មានប្រទេសចំនួនដែលស្ថានភាព COVID-19 ស្ងប់ស្ងាត់មួយរយៈទៅហើយ តែបែរជាផ្ទុះឡើងវិញ។
ដូច្នេះលោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាកុំភ្លេចខ្លួនឲ្យសោះ ហើយត្រូវបន្ត ឲ្យបានខ្ជាប់ខ្ជួននូវការការពារនិងការរក្សាអនាម័យសម្រាប់ម្នាក់ៗ រួមទាំងការអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលរួមទាំងរាជរដ្ឋាភិបាលកម្ពុជា៕