ដោយ ៖ នូ វី
បន្ទាយមានជ័យ ៖ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយថវិកាលើកទឹកចិត្តបន្ថែម ដល់កងកម្លាំងយោធាកងដឹកជញ្ជូនលេខ៩០ ចំនួន ៥២នាក់ ឡានចំនួន៥០ គ្រឿង ដែលបានចូលរួមជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ រយៈកាលកន្លងនេះ ។
លោក អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្លែងការអរគុណ និងកោតសរសើចំពោះកងកម្លាំងយោធាកងពលលេខ៩០ និងកងកម្លាំងប្រដាប់អាវុធ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ចំពោះមុខកន្លងមក ដើម្បីសម្របសម្រួល ជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង ដែលមកពីប្រទេសថៃ ។
យើងបានរួមគ្នាជួយដោះស្រាយបានយ៉ាងល្អ ទាំងការពិនិត្យសុខភាព ការអប់រំណែនាំ និងដឹកជញ្ជូនពួកគាត់ទៅកាន់ ភូមិឋាន ស្រុក ខេត្តរៀងៗខ្លួន បានដោយសុខ សុវត្ថិភាព ។
លោកអភិបាលខេត្តបន្តថា ទោះក្រោយចប់បុណ្យឆ្នាំប្រពៃណីជាតិខ្មែរ មានការអនុញ្ញាត្តឲ្យធ្វើដំណើរឆ្លងកាត់ខេត្ត ជាធម្មតា តែប្រជាពលរដ្ឋនៅតែបន្តមកពីប្រទេសថៃ យើងនៅតែបន្តកិច្ចការងារយើងទៀត ដើម្បីចូលរួមទាំងអស់គ្នា បង្ការ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីត១៩ ។
ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តក៏បានឧបត្ថម្ភថវិកា បន្ថែម១លើកទៀត ដល់កងកម្លាំងកងពលដឹកជញ្ជូនលេខ៩០ ថវិកា ៥លានរៀល. អង្ករ ១តោន, ត្រីខ ,ទឹកស៊ីអ៊ីវ ទឹកត្រី មួយចំនួន ,ដល់កងកម្លាំងនគរបាលការពារព្រំដែន ថវិកា ៣លានរៀល ៕