ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។
ករណីជាសះស្បើយចំនួន០៣នាក់រួមមាន ៖ បុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។ បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាន់ស្រែក្រោម៕