សម្តេចតេជោបន្តអំពាវនាវ​ដល់​ពលរដ្ឋរួមគ្នា​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​ឆ្លង​មេរោគ​កូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2020 ក+ ក-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងមេរោគកូវីដ១៩ បើទោះបីជារយៈពេល៨ថ្ងៃចុងក្រោយនេះ កម្ពុជា មិនបានរកឃើញករណីឆ្លងថ្មីក៏ដោយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិ ចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ១៩។ សូមយកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស ទឹកអាល់កុល និងជេលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ”។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យពលរដ្ឋ ត្រូវបន្តប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលមិនដឹងថា តើរបស់របរ និងសម្ភារទាំងនោះ ត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

សម្តេចតេជោ បានលើកឡើងបន្ថែមថា “យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច”។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងរហូតដល់ ១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ បានធ្លាក់ចុះមកត្រឹមចំនួន ១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ៕