ភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃជាប់គ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានោះទេ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែមេសានេះថា ក្នុងន័យគិតគូរពីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារ, អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ។ ជាក់ស្តែងនៅព្រលប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ក្រុមការងារមន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារធំថ្មី ទួលទំពូង និងផ្សារកណ្តាល។
ជាមួយគ្នានេះ គណៈកម្មការផ្សារនីមួយៗ ក៏បាននិងកំពុងអនុវត្តការងារទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ ដោយនៅតាមបណ្តាលផ្សារទាំងនោះ ក្រៅពីការបាញ់លាងសំអាតហើយ នៅតាមបណ្តាច្រកចេញ-ចូលផ្សារ ក៏មានកម្លាំងសន្តិសុខ រង់ចាំបាញ់ស្ទង់កំដៅ និងបាញ់អាកុលលាងដៃជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕