សឹង្ហ​បុរី បន្ត​អនុវត្ត​វិធាន​ការបិទ​ប្រទេស​មួយផ្នែក​រហូតដល់​ថ្ងៃទី​១​ខែមិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2020 ក+ ក-

សឹង្ហ​បុរី ៖ នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​លោក Lee Hsien Loong បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​សិង្ហ​បុរី​នឹង​បន្ត​អនុវត្ត​វិធានការ បិទ​ប្រទេស​មួយផ្នែក រហូតដល់​ថ្ងៃទី​១ ខែមិថុនា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត COVID-19​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ទៅកាន់​ប្រទេសជាតិ​លោក Lee បាន​និយាយថា​វិធាន​ការបិទ​ប្រទេស​មួយផ្នែក ក្នុងនោះ​រួមមាន​ទាំង​ការរក្សា​គម្លាត​សុវត្ថិភាព​, ការបិទ​កន្លែង​ការងារ​មួយចំនួន និង​សាលារៀន ក្នុង​គោលបំណង​គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​ករណី​ឆ្លង COVID-19​នៅក្នុង​សហគមន៍​។ លោក​លី​បាន​មានប្រសាសន៍ថា​“ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ទាំងនេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វិ​រុស​ដ៏​កាច​សាហាវ​នេះ​និង​បន្ត​ទៅមុខទៀត​ជាមួយនឹង​វិធាន​របស់​រដ្ឋាភិបាល​” ។​

​សូមជម្រាបថា គិត​ព្រឹក​នេះ​សិង្ហ​បុរី​មាន​អ្នក​ឆ្លង COVID-19 សរុប ៩,១២៥​នាក់ បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ចំនួន ១,១១១​នាក់ ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ខណៈ​មនុស្ស​ស្លាប់មាន​១១​នាក់ និង​ជាសះស្បើយ ៨០១​នាក់​៕