ក្រុមហ៊ុនសំណង់របស់កូរ៉េឈ្នះការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបធំមួយនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រុមហ៊ុនសំណង់ហ៊ីយ៉ាន់ដាយរបស់កូរ៉េ បានឈ្នះនូវការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបអ៊ីអនទី៣ នៅកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ១៦៤លានដុល្លារអាមេរិក ។ នេះ បើតាមការចុះផ្សាយរបស់គេហទំព័រកូរ៉េមួយកាលពីថ្ងៃទី២២មេសា ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានអោយដឹងថា ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ បានឈ្នះនូវការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបរបស់ជប៉ុនអ៊ីអនម៉លនៅកម្ពុជា ហើយក៏ត្រូវបានចាត់ទុកជាគម្រោងធំមួយសម្រាប់គម្រោងផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជាផងដែរ ។ គម្រោងនេះ នឹងត្រូវសាងសង់មានកំពស់៥ជាន់ជាមជ្ឈមណ្ឌលផ្សារទំនើប និងចំណតធំទូលាយ មានទីតាំងនៅជាយរាជធានីភ្នំពេញ ។

សេចក្តីប្រកាសដដែលនេះ បានអោយដឹងថា គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ២៧ខែគិតចាប់តាំងពីពេលបើកការដ្ឋានរហូតដល់បញ្ចប់គម្រោងទាំងមូល ។

គួររំលឹកផងដែរថា ផ្សារទំនើបអ៊ីអនម៉ល ត្រូវបានសាងសង់និងកំពុងដំណើរការពីរគម្រោងរួចហើយ ក្នុងនោះមានអ៊ីនអនម៉លភ្នំពេញ មានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ ទី២ ផ្សារទំនើបអ៊ីនអនម៉លសែនសុខ មានទីតាំងនៅភាគខាងលិចឈៀងខាងជើងរាជធានីភ្នំពេញ និងមួយគម្រោងទៀតនោះ នឹងចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗ ដោយក្រុមហ៊ុនរបស់កូរ៉េ ។ ចំពោះក្រុមហ៊ុនសាងសង់ផ្សារទំនើបអ៊ីអនម៉លនេះ ក៏មានបទពិសោធន៍សាងសង់នូវគម្រោងសំណង់ជាច្រើន ក្នុងនោះក៏មានអគារធនាគារអេស៊ីលីដា អគារភ្នំពេញថៃរើរ៍ ជាដើម ៕