គម្រោងសាងសង់មួយចំនួនបន្តដំណើរការ ឯមួយចំនួនផ្អាក ខណៈកូវីដ១៩ កំពុងរាលដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈជំងឺកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល គម្រោងសាងសង់សំណង់នៅក្នុងប្រទេសកម្ពុជា មួយចំនួនត្រូវបានផ្អាក និងមួយចំនួនទៀតនៅតែបន្ត ហើយក្នុងនោះគម្រោងមិនទាន់សាងសង់មួយចំនួនទៀតក៏គ្រោងនឹងចាប់ផ្ដើមការដ្ឋានសំណង់ផងដែរ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ ការអភិវឌ្ឍសំណង់នៅក្នុងប្រទេសកម្ពុជា ពិតជារងផលប៉ះពាល់ធំណាស់ ដោយមានការដ្ឋានសំណង់ជាច្រើនត្រូវបានផ្អាក ហើយការទិញលក់ទៅលើអចលនទ្រព្យក៏មានការធ្លាក់ចុះច្រើនផងដែរ ក្នុងពេលកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ។ លោកថា នៅក្នុងការដ្ឋានសំណង់ ជៀសមិនផុតពីការធ្វើទំនាក់ទំនងគ្នារវាងកម្មករនិងកម្មករ ដូច្នេះដើម្បីសុវត្ថិភាពកម្មករ គម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបង្ខំចិត្តផ្អាកការសាងសង់បណ្ដោះអាសន្នសិន ។

លោកបន្តថា ក្រៅពីនោះ ក៏មានគម្រោងអភវិឌ្ឍន៍មួយចំនួននៅតែបន្តសាងសង់ដដែល ក៏ប៉ុន្តែពួកគេ មិនយកកម្មករសំណង់ណាថ្មីៗចូលធ្វើការឡើយ ដោយសុទ្ធចិត្តធ្វើការយឺតប្រសើរជាងយកកម្មករថ្មីៗដែលមិនដឹងប្រវត្តិថាបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ដែរឬទេ ។ ដោយឡែកសម្រាប់គម្រោងដែលនឹងត្រូវសាងសង់ថ្មីៗនៅក្នុងដំណាក់កាលនេះក៏មានដែរ ជាក់ស្ដែងគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ជាដើម ។ ដោយសារតែគម្រោងនេះ ជាគម្រោងធំ និងមានផែនការគម្រោងទុកជាយូរមកហើយនោះ វាប្រហែលជាមិនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុនោះទេ ហើយម្យ៉ាងទៀតវាក៏ជាគម្រោងមកពីបរទេសដែរ ។

ក្រៅពីគម្រោង អ៊ីអន ម៉ល ដែលហាក់ដូចជាមិនបានប្រកាសផ្អាកនោះ មានគម្រោងអគារខ្ពស់មួយទៀត ក្រោមការវិនិយោគដោយក្រុមហ៊ុន Oxley Gem Cambodia គឺគម្រោង The Peak ក៏បានប្រកាសថា ខ្លួនកំពុងដំណើរការ ការដ្ឋានសាងសង់សំណង់របស់ខ្លួនជាមួយនឹងក្រុមហ៊ុនអ្នកម៉ៅការថ្មីបន្ទាប់ពីក្រុមហ៊ុនអ្នកម៉ៅការសំណង់ចាស់ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ហើយក៏បានផ្ដាច់កុងត្រាចោល ។

តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារ The Peak បានបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពបែបណាក៏ដោយ គម្រោងThe Peak នៅតែបន្តការសាងសង់ ដើម្បីអោយបញ្ចប់គម្រោងទៅតាមការគ្រោងទុក ធ្វើអោយអតិថិជនអ្នកទិញគម្រោងនេះមានទំនុកចិត្ត ។

បើតាមលោកផន សុភាពប្រធានការដ្ឋាននៃក្រុមហ៊ុន OCIC បានអោយដឹងថាទោះបីជាកូវីដកំពុងរាលដាលក្ដី ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុងរណបជ្រោយចង្វារ នៅតែបន្តដំណើរការសាងសង់ ធ្វើយ៉ាងណាដើម្បីបញ្ចប់ការសាងសង់ទៅតាមផែនការ និងការគ្រោងទុកជាពិសេសគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍នៅទីក្រុងរណបជ្រោយចង្វារ ដើម្បីយកទីតាំងនេះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ ២០២០នេះ ។

ក្រៅពីគម្រោងនេះ ក៏មានគម្រោងមួយចំនួនទៀតបានបន្តដំណើរការសាងសង់របស់ខ្លួន ក៏ប៉ុន្តែសម្រាប់គម្រោងដែលមិនទាន់សាងសង់ មួយរយៈនេះហាក់នៅសំងំសិន ដោយមិនទាន់មានគម្រោងធំៗណាមួយបានចាប់ផ្ដើមគម្រោងនោះទេ ៕