COVID-19 ៖ ចំនួនអ្នកឆ្លងលើលោកកើនដល់ ២.៧លាននាក់ ក្នុងនោះស្លាប់១៩ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,៧១៧,៩២១ករណីហើយ ក្នុងនោះមនុស្សសរុប ១៩០,៦៣០នាក់ស្លាប់ និង ៧៤៥,៤៨០នាក់ជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេទំព័រអន្តរជាតិ Worldometer។
ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, បារាំង, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងប្រទេសតួកគី។
អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ ក៏បានធ្វើការព្រមានផងដែរ ចំពោះប្រទេសមួយចំនួនដែលបានសម្រេចចិត្ត ឬចង់ដកវិធានការរឹតត្បិតជុំវិញបញ្ហា COVID-19 ហើយអង្គការនេះក៏បានអំពាវនាវឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលនេះ ដោយកុំបន្ធូរដៃឲ្យសោះ៕