ប្រទះឃើញគ្រាប់កាំភ្លើងផ្លោង105mmចំនួន ៥៨គ្រាប់កប់ក្នុងដីសម័យសង្រ្គាមនៅស្រុកកំរៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិលំផាត់ ឃុំអូរដារស្រុកកំរៀង បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោង 105 mm សេសសល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់កប់នៅក្នុងដី ហើយរាយការណ៍ភ្លាមៗដល់កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០។

លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិការដ្ឋាននគរ បាលស្រុកកំរៀង បានឲ្យដឹងថាប្រជាពលរដ្ឋឈ្មោះ ឈុត ហឿប ភេទប្រុស អាយុ៦៦ឆ្នាំ ជាម្ចាស់ដីចម្ការមួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ បានប្រើប្រាស់ត្រាក់ទ័រភ្ជួរ ដីចម្ការរបស់គាត់ ដើម្បីបង្កបង្កើនផលដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំ នេះពេលគាត់កំពុងភ្ជួរដី បានប្រទះ ឃើញវត្ថុកប់នៅក្នុងដីដែលគួរឲ្យសង័្សយ។ពេលគាត់ឈប់ភ្ជួរដោយត្រាក់ទ័រ យកដៃកាយពិនិត្យមើលក៏ឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទើបគាត់ផ្តល់ព័ត៌មានទៅដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានភ្លាមៗក្រោយពេល ពិនិត្យ បានរាយការណ៍ជូនទៅមន្រ្តីអង្គភាពកំចាត់មីនកម្ពុជាCM ACមកពិនិត្យតែម្ដង។យុទ្ធភ័ណ្ឌទាំងនោះជាសំណល់ពីសង្រ្គាមនេះហើយវាជាប្រភេទក្បាលគ្រាប់កាំភ្លើងផ្លោង១០៥មីល្លីម៉ែត្រមានចំនួន៥៨គ្រាប់ ដែលកប់ទុកក្នុងដីកាលពីសម័យសង្គ្រាមជាយូរមកហើយ។

លោកវរសេនីយ៍ឯក គឹម ពន្លក បានបញ្ជាក់ឲ្យដឹងថាដោយ សារភូមិសាស្រ្ត ស្រុកកំរៀង ជាស្រុកមួយនៅជាប់ព្រំដែនកម្ពុជា ថៃ ហើយជាភូមិសាស្រ្តដែលជោគជាំទៅដោយសង្រ្គាមបង្ហូរឈាមពីអតីតកាលសម័យប៉ុល ពត ដូច្នេះនៅមូលដ្ឋាននេះតែងតែមានបន្សល់ទុកនូវប្រភេទ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ទើរគ្រប់ប្រភេទនិងរាយប៉ាយនៅច្រើនកន្លែង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមផ្តល់ព័ត៌មានជាបន្ទាន់ទៅដល់មន្រ្តីនគរបាលមូលដ្ឋាននៅពេលបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចៀសវាងការចាប់កាន់ ការប៉ះពាល់ឬនាំយកទៅកែច្នៃជាវត្ថុផ្សេងៗ ដែលជាហេតុនាំបង្កឲ្យមានករណីគ្រោះថ្នាក់ដល់អាយុជីវិតឬពិការភាពដោយសារយុទ្ធភ័ណ្ឌទាំងនេះ។
គួរបញ្ជាក់ផងដែរថាអង្គភាពកំចាត់មីនកម្ពុជា CMAC បានប្រមូលយកយុទ្ធភ័ណ្ឌទាំងនោះតាមលក្ខណៈបច្ចេក ទេស ដើម្បីរក្សាទុកនិងធ្វើការបំផ្លាញចោលហើយ៕