នាយករដ្ឋមន្ត្រី ក្រើនរំលឹកដល់ពលរដ្ឋអោយប្រុងប្រយ័ត្ន និងកុំចេញក្រៅផ្ទះបើមិនចាំបាច់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

 

ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មិនមានអ្នកឆ្លងថ្មីទេ តែមានអ្នកជាសះស្បើយពីជំងឺនេះកាន់តែច្រើន ធ្វើអោយចំនួនអ្នកកំពុងព្យាបាល ក្នុងមន្ទីរពេទ្យ មានតែ១២នាក់ប៉ុណ្ណោះ ។ ដោយឃើញស្ថានភាពបែបនេះ ពលរដ្ឋកម្ពុជា ក៏ចាប់ផ្ដើមចេញក្រៅផ្ទះ ដោយសង្កេតឃើញថាចរាចរតាមដងផ្លូវក៏ចាប់ផ្ដើមមមាញឹកនិងណែនណាន់តាន់តាប់ឡើងវិញ ។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្តស្នាក់នៅក្នុងផ្ទះ បើពុំចាំបាច់សូមកុំចេញក្រៅយផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចបន្តថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ ៕