ប៉េកាំង ៖ ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចិនរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ០៦ករណីតែប៉ុណ្ណោះ នៅទូទាំងប្រទេស ដោយក្នុងនោះមាន ០២ករណីនាំចូលពីក្រៅប្រទេស និង០៤ ករណីទៀត ជាករណីឆ្លងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
បើតាមអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន០៣ករណី ត្រូវបានគេរាយការណ៍នៅក្នុង ខេត្តហៃឡុងជាំង (Heilongjiang) និង០១ករណីទៀតនៅខេត្តក្វាងទុង (Guangdong)។
សម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែល បានជាសះស្បើយ នៅទូទាំងប្រទេសចិនបានហក់ឡើងដល់ ៧៧,២៥៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥០នាក់បន្ថែមទៀតទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះដដែល NHC ថែមទាំងបានបញ្ជាក់អំពីចំនួនករណីឆ្លងសរុប នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកផងដែរថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះ វាបានកើនដល់ ៨២,៨០៤ករណី ដោយក្នុងនោះតួលេខ នៃករណីស្លាប់នៅតែរក្សានៅត្រឹម ៤,៦៣២ នាក់ដដែល ដោយករណីស្លាប់ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង ពេញមួយថ្ងៃព្រហស្បតិ៍៕