អាកាសយានដ្ឋានអន្តរជាតិប្រកាសមិនកាត់បន្ថយបុគ្គលិកក្នុងកាលៈទេសៈកូវីដ១៩រាលដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ភ្នំពេញ ៖ ទោះបីជាសកម្មភាពការងារ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិកម្ពុជា មានភាពស្ងប់ស្ងាត់ជាងមុន ក្រោយពេលស្ថានភាពកូវីដ ១៩ នៅលើពិភពលោកកាន់តែអាក្រក់ ក៏អង្គភាពមួយនេះ មិនមានផែនការកាត់បន្ថយបុគ្គលិកឡើយដោយទុកបុគ្គលិកនៅបម្រើការងារនៅដដែល ខណៈបណ្ដាក្រុមហ៊ុនទេសចរណ៍និងអាកាសចរណ៍នានាត្រូវបានកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ។

ក្នុងកិច្ចជំនួប លោក Alain Brun នាយក ប្រតិបត្តិ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានិងលោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល លោក Alain Brun បានលើកឡើងនូវចំនុចសំខាន់ចំនួន២ បើទោះបីជាមាន វិប្បត្តិជម្ងឺ COVID19 ក៏ដោយ គឺ ៖១- បន្តការរក្សាបុគ្គលិកធ្វើការ និង ២ បន្តអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ តាមផែនការ ។

លោក Alain Brun នាយក ប្រតិបត្តិ ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានបញ្ជាក់ថា បើទោះបីមាន ផលប៉ះពាល់ដោយ COVID19 ដោយមានការថយចុះ ចាប់តាំងពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២០ មានចំនួនធ្លាក់ចុះ នៃការហោះហើរ ចំនួន៩៥% ក្តី ក៏ក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅតែរក្សាចំនួនបុគ្គលិក ដែលមានចំនួនជិត ១៨០០ នាក់ដដែល ដោយមិនមានការកាត់បន្ថយបុគ្គលិកទេ។ ដោយគ្រាន់តែរក្សានូវបុគ្គលិកធ្វើការ តាមវិធីសាស្ត្របែងចែកការងារធ្វើការពេញម៉ោង និងបុគ្គលិកសំរាកបណ្ដោះអាសន្ន ដោយកាត់ប្រាក់ខែតែ២០% ចំពោះបុគ្គលិក ដែលមានប្រាក់ខែច្រើនជាង ៥០០ ដុល្លា ក្នុង០១ ខែ ចំពោះបុគ្គលិក ដែលមានប្រាក់ខែចំនួន៥០០$ ចុះក្រោមគឺរក្សានៅដដែលមិនមានការកាត់ទេ ៕