កម្ពុជានឹងអាចផ្គត់ផ្គង់ទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃក្នុងឆ្នាំ២០៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 April, 2020 ក+ ក-

ភ្នំពេញ ៖ ខណៈតម្រូវការប្រើប្រាស់ទឹកបានកើនឡើងលើសពីការផ្គត់ផ្គង់ អង្គភាពរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំផែនការដើម្បីសាងសង់អាងពិពិធកម្មទឹកស្អាតបន្ថែម ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋ និងបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។ ជាលទ្ធផល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា ឆ្នាំ ២០៣០ កម្ពុជានឹងអាចផ្គត់ផ្គង់ទឹកបានប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់នៅក្នុងប្រតេសកម្ពុជា ។

បើយោងតាមលោកហេង សុខគង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានមានប្រសាសន៍ថា តម្រូវការទឹកស្អាតនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរអោយតក់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយតម្រូវការបានកើនឡើងលើសពីការផ្គត់ផ្គង់ និងជំរុញអោយរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រ ដើម្បី ផ្គត់ផ្គង់អោយគ្រប់ទៅតាមតម្រូវការ ។

លោកបន្តថា ពេលនេះរដ្ឋករទឹកបាននិងកំពុងសាងសង់អាងពិពិធកម្មទឹកស្អាតមួយកន្លែងនៅបាក់ខែដែលអាចមានសមត្ថភាពផលិតបាន២០ម៉ឺនម៉ែត្រគូប ហើយអាងពិពិធកម្មនេះ នឹងរួចរាល់នៅឆ្នាំ ២០២៣ និងអាចផ្គត់ផ្គង់បានផងដែរ ។ នៅជំហានទី២នឹងសង់អាងពិពិធកម្មនេះ អាចមានសមត្ថភាពផ្គត់ផ្គង់បាន២០ម៉ែត្រគូបទៀត ហើយបូកជាមួយជាមួយការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះប្រមាណ៦០ម៉ែត្រគូបទៀតនឹងបានដល់១លានម៉ែត្រគូប នៅឆ្នាំ ២០៣០ ។

លោកបន្តថា ក្រៅពីអង្គភាពរដ្ឋករទឹករបស់រដ្ឋទាំងពីរ រួមមានរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ និងរដ្ឋករទឹកស្វយ័តខេត្តសៀមរាបក៏មានអង្គភាពផ្គត់ផ្គង់របស់ឯកជនប្រមាណ២៦០ស្ថាប័នទៀត ដូច្នេះនៅក្នុងឆ្នាំ ២០៣០ខាងមុខ ទីប្រជុំជនទូទាំងប្រទេស នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងប្រកបដោយគុណភាពមិនមានការខ្វះមុខខ្វះក្រោយឡើយ ។

លោកបានបញ្ជាក់ថា ការអភិវឌ្ឍទឹកស្អាតមានភាពពិបាកជាងការអភិវឌ្ឍអគ្គិសនី ទើបធ្វើអោយការដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីបានឆាប់ជាងការដោះស្រាយបញ្ហាខ្វះទឹក ។ ការអភិវឌ្ឍបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងទឹក ព្រោះថាការតបណ្ដាញទឹកត្រូវជីករូងក្រោមដីដើម្បី បង្កប់ទុយោ ហើយក៏ត្រូវគាស់តបណ្ដាញទឹកចូលផ្ទះនីមួយផងដែរ ។ ទាំងនេះហើយ ទើបធ្វើអោយការតទឹកត្រូវប្រើពេលយូរជាងអគ្គិសនី ។

បើតាមលោកសោម សិទ្ធិប្រធាននាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបច្ចេកវិទ្យាបានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ន រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញទាំងមូលផលិតទឹកបានតែប្រមាណ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈការប្រើប្រាស់របស់ពលរដ្ឋដែលតពី រដ្ឋករទឹកភ្នំពេញ មានប្រមាណដល់ទៅជាង៧០ម៉ឺនម៉ែត្រគូប ទើបធ្វើអោយទីតាំងមួយចំនួននៅចុងបណ្ដាញមានសម្ពាធខ្សោយ ។

លោកបន្តថាការកាត់នូវតំបន់មួយចំនួនពីខេត្តជាប់រាជធានី ចូលក្នុងដែនរាជធានីភ្នំពេញ ធ្វើអោយតម្រូវការទឹកប្រើប្រាស់កាន់តែច្រើនឡើងថែមទៀត ។យ៉ាងណាក៏ដោយ តាមរយៈការអភិវឌ្ឍន៍អាងពិពិធកម្មទឹកស្អាត ដែលកំពុងអភិវឌ្ឍន៍នឹងអាចផ្គត់ផ្គង់បានគ្រប់ទៅតាមតម្រូវការអ្នកប្រើប្រាស់ ៕