សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងនៅល្ងាចម្សិលមិញថា ចំនួនករណីឆ្លងវីរ៉ុស COVID-19 នៅក្នុងប្រទេសបានកើនឡើងលើស១៣,០០០ករណីហើយ គិតត្រឹមថ្ងៃអាទិត្យ បន្ទាប់ពីករណីឆ្លងថ្មី ចំនួន៩៣១ករណី ត្រូវបានបញ្ជាក់។ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មី ដែលបានរកឃើញនេះបាននាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស មាន១៣,៦២៤ករណី។ ៨៨៦ករណីក្នុងចំណោមករណីថ្មី ដែលបានរកឃើញនៅថ្ងៃអាទិត្យនេះ គឺជាអ្នកកាន់បណ្ឌស្នាក់នៅសម្រាប់ធ្វើការ ដែលស្នាក់នៅកន្លែងធ្វើការ។
ក្រសួងបានឲ្យដឹងដែឬថា មានអ្នកជំងឺចំនួន៥៨នាក់ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ។ សរុបមានអ្នកជំងឺ១,០៦០នាក់ហើយ ដែលបានជាសះស្បើយពីជំងឺឆ្លងមួយនេះ នៅសិង្ហបុរី ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ឬនៅដាច់ដោយឡែកពីគេ ក្នុងសហគមន៍៕