អ៊ីតាលីនឹងចាប់ផ្ដើមបើករោងចក្រឡើងវិញ នៅដើមឧសភា និងសាលារៀននៅខែកញ្ញា
រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ប្រកាសថា នឹងចាប់ផ្ដើមបើករោងចក្រឡើងវិញនៅថ្ងៃទី៤ ខែឧសភា និងសាលារៀននៅខែកញ្ញា ជាផ្នែកមួយនៃផែនការបន្ធូរបន្ថយវិធានការបិទប្រទេសទប់ស្កាត់ COVID-19។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte ធ្វើការប្រកាសបែបនេះ អំឡុងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន La Repubblica នៅថ្ងៃអាទិត្យនេះ។ លោក Conte បានគូសបញ្ជាក់ នាឱកាសនោះដូច្នេះថា៖ « យើងកំពុងធ្វើការក្នុងម៉ោងនេះ ដើម្បីអនុញ្ញាតឱ្យផ្នែកខ្លះនៃអាជីវកម្មអាច បើកដំណើរការឡើងវិញ ចាប់ពីរោងចក្រផលិត រហូតដល់ការសាងសង់ នៅថ្ងៃទី៤ ខែឧសភា»។ លោកបន្ថែមថា វិធានការទាំងនេះអាចនឹងត្រូវបានធ្វើបទបង្ហាញនៅសប្ដាហ៍ក្រោយយ៉ាងយូរ ខណៈសាលារៀនអាចនឹង បើកទ្វារឡើងវិញ នៅខែកញ្ញា៕