ត្បូងឃ្មុំ៖ រថយន្តម៉ាកហាយឡិនឌ័រមួយ គ្រឿងបានឆ្លងចរន្តឆេះសន្ធោសន្ធៅក្នុង ពេលដែលកំពុងដឹកឈើគ្រញូងសន្លឹក បើកបរនៅលើដងផ្លូវជាតិលេខ៧ នៅត្រង់ចំណុចស្ពានស្អំ ក្នុងភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ។
ប្រភពព័ត៌មានបានរាយការណ៍ថា រថយន្តដែលត្រូវភ្លើងឆេះនោះ ម៉ាកហាយឡេនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2T-4210 ។ខណះរថយន្តកំពុងឆាបឆេះនោះលោក ជួន សុខឿន ជាមេវរៈលេខ១រៀបរយតំបន់ប្រតិបត្តការសឹករងខេត្តត្បូងឃ្មុំ ដែលនៅជិតនោះ បានឲ្យពលទាហាន ចេញមកលើកជញ្ជូនឈើគ្រញូងសន្លឹកទាំងនោះ ចូលទៅក្នុងបន្ទាយគេអស់ ដោយមិនឲ្យមកសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុទេ។
ប្រភពបានរាយការណ៍បន្តថា រថយន្តម៉ាកហាយឡែនឌ័រដឹកឈើនោះ បានបើកកាត់តាមផ្លូវជាតិខាងលើ លុះមកដល់ត្រង់ជីពាំង ឃុំក្រែក ស្រុកពញាក្រែក គេបានឃើញផ្សែងហុយតិចៗ ហើយមកដល់មុខបន្ទាយទាហាន ផុតពីស្ពានបេតុង បានបន្តិចត្រូវបានគេស្រែកឆោឡោប្រាប់ ទើបរថយន្តឈប់អែបខាងមិនបានប៉ុន្មាននាទីផងភ្លើងក៏បានឆាបឆេះសន្ធោ សន្ធៅតែម្តង។នៅពេលដឹងថាមិនអាចជួយពន្លត់ភ្លើងបាន អ្នកបើក រថយន្ត ក៏បានរត់គេចខ្លួនបាត់មិនឲ្យគេស្គាល់អត្តសញ្ញាណឡើយ ៕ដោយ៖បូរ៉ាស៊ី