ដោយ កូវ ប៊ុនហេង
ព្រះវិហារ ៖ លោក ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកម្លាំងក្រោមឱវាទ ធ្វើដំណើរចុះសាកសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចឈរជើងការពារ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់ទន្លេល្ពៅ និងប្រជុំផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីឲ្យបងប្អូនចេះនៅក្នុងការថែរក្សាខ្លួន កុំឲ្យឆ្លងជំងឺដ៏កាចសាហាវ COVID-19នេះ ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ៖ ថ្លែងថា ដើម្បីការពារខ្លួនឯងកំអោយឆ្លងជំងឺ COVID-19 ចាំបាច់យើងទាំងអស់ ត្រូវតែប្រុងប្រយ័ត្នបំផុត បើទោះបីជំងឺកូវីដ-១៩នៅកម្ពុជា នាពេលបច្ចុប្បន្នមានស្ថានភាពធូរស្រាលក៏ដោយ។ យើងក៏មិនអាចមើលស្រាល និងមិនយកចិត្តទុកដាក់ អំពីជំងឺនេះបានដែរ ព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត ។
លោកមេបញ្ជាការរងកងទ័ពជើងគោក៖ ថ្លែងបន្តថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៅជំងឺដ៏កាចសាហាវនេះបាន យើងគ្រប់ៗរូប ត្រូវមានការប្រុងប្រយត្ន័ខ្ពស់បំផុត។ ផ្ទុយទៅវិញយើងទាំងអស់គ្នាត្រូវចូលរួម ដោយអនុវត្តអោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំអោយឆ្លងជំងឺកូវីដ-១៩នេះ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានធ្វើការជម្រុញបន្ថែមទៅកាន់បងប្អូនកងទ័ព ដែលកំពុងបំពេញភារកិច្ចឈរជើងជួរមុខទាំងអស់តាមបន្ទាត់ព្រំដែន ធ្វើយ៉ាងត្រូវប្រឹងប្រែងយកចិត្តទុក្ខដាក់ចេញដើរល្បាត នៅតាមចំណុចភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវឲ្យបានខ្ជាប់ខ្ជួន។ខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងភាគីមិត្តកម្ពុជា-ឡាវ ឈរលើស្មារតីទទួលខុសខ្ពស់ក្នុងការដោះស្រាយដោយសន្តិវិធី ជៀសវាងការដោះស្រាយគ្នាដោយកម្លាំងប្រដាប់អាវុធផងដែរ។
នៅបន្ទាប់ពីប្រសាសន៍សាកសួរសុខទុក្ខ និងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ ការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩បានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ក៏បានឧបត្ថម្ភអំណោយ ជាសម្ភារៈ និងថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីទុកហូបចុក និងធ្វើការប្រើប្រាស់នៅក្នុងការ ការពារខ្លួនកុំឲ្យឆ្លងនូវជម្ងឺកូវីដ-19 ៕