វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ថា លោកបានដឹងពីស្ថានភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហើយលោកជូនពរលោក គីម ឱ្យមានសុខភាពល្អ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅសេតវិមាន ពាក់ព័ន្ធនឹងស្ថានភាពរបស់លោក គីម ជុងអ៊ុន កាលពីម្សិលមិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំមិនអាចប្រាប់អ្នកបានទេ… ខ្ញុំជូនពរគាត់ឱ្យមានសុខភាពល្អ”។ លោក ដូណាល់ ត្រាំ បានមានប្រសាសន៍បន្តថា អាថ៌កំបាំងនឹងត្រូវលាតត្រដាងនៅពេលដ៏ខ្លីខាងមុខ។
សូមជម្រាបថា កន្លងមកពាក្យចចាមអារ៉ាម និងការសង្ស័យ លើបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង បានកើតមានជាបន្តបន្ទាប់ ក្រោយពីលោកបានអវត្តមាន ក្នុងពិធីដ៏សំខាន់មួយកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ហើយមិនទាន់បង្ហាញខ្លួនជាសាធារណៈឡើយ គិតមកទល់ពេលនេះ។ សារព័ត៌មាននៅកូរ៉េខាងត្បូង បានចុះផ្សាយកាលពីសប្ដាហ៍មុនថា លោក គីម ជុងអ៊ុន ត្រូវបានវះកាត់សរសៃឈាមបេះដូង ឬ លោកកំពុងនៅដាច់ដោយឡែក ដោយសារភ័យខ្លាចចំពោះការឆ្លងវីរុសកូវីដ១៩៕