កូរ៉េខាងត្បូង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីចំនួន​១៤​ករណី​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2020 ក+ ក-

​សេ​អ៊ូ​ល ៖ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមកនេះ ប្រទេស​កូរ៉េខាងត្បូង​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ COVID-19 ចំនួន១៤​ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប នៅក្នុង​ប្រទេស​អាស៊ី​បូព៌ា​មួយ​នេះ​កើន​ដល់ ១០,៧៥២​ករណី​។​ នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ករណី​ឆ្លង​ថ្មីៗ ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ​មាន ១២​ករណី​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ដែល​នាំ​ឲ្យ​ករណី​នាំចូល​សរុប​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ដល់ ១,០៥៦​ករណី​។ ​ក្នុង​រយៈពេល​ដូចគ្នានេះ ករណី​ស្លាប់​ចំនួន ០១​ករណី​បន្ថែមទៀត​ដែរ ដែល​នាំ​ឲ្យ​ចំនួន​សរុប​បាន​កើន​ដល់ ២៤៤​នាក់​ស្មើនឹង ២.២៧% នៃ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​។ ដោយឡែក​នៅ​ថ្ងៃ​ដដែល​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា អ្នកជំងឺ​៩០​នាក់​បន្ថែមទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរ នាំ​ឲ្យ​ចំនួន​អ្នកជា​សរុប​កើន​ដល់​៨,៨៥៤​នាក់​ហើយ ដែល​ស្មើនឹង ៨២.៤%​។​

​សូមជម្រាបថា គិត​ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា​មក កូរ៉េខាងត្បូង​បានធ្វើ​តេស្ត​រក COVID-19 លើ​មនុស្ស​ច្រើនជាង ៦០៨,០០០​នាក់ ក្នុងចំណោម​នោះ ៥៨៨,៥៥៩​នាក់ មាន​លទ្ធផល​អវិជ្ជមាន ខណៈ ៩,២០៣​នាក់​កំពុងស្ថិត​ក្នុងការ​តាមដាន​៕