ភ្នំពេញ ៖ ពលករខ្មែរប្រុសស្រីចំនួន ១៤នាក់ក្នុងចំណោម ១៧នាក់ ត្រូវបានដោះលែង បន្ទាប់ពីបង់ប្រាក់តាមការទាមទាររបស់អាជ្ញាធរថៃក្នុងម្នាក់ៗចំនូន ៤ម៉ឺនបាត ប្រហែលជា ១.២០០ដុល្លារអាមេរិក ដោយសារពួកគេប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹងនៅមុខបន្ទប់ជួល បំពាននឹងបម្រាមរបស់រដ្ឋាភិបាលថៃ ដែលហាមមិនឱ្យមានការជួបជុំសេពគ្រឿងស្រវឹងអំឡុងពេលចូលឆ្នាំថ្មី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ១២ ឃុំខ្លងលួង ស្រុកខ្លងលួង ខេត្តផាធុមថានី ប្រទេសថៃ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់កាលពីម្សិលមិញថា ពលករខ្មែរចំនួន ១៤នាក់ក្នុងចំណោម ១៧នាក់ ត្រូវបានអាជ្ញាធរថៃដោះលែងកាលពីសប្តាហ៍មុន និងបានអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅកន្លែងស្នាក់នៅក្នុងប្រទេសនេះវិញ ក្រោយពេលពួកគេយល់ព្រមបង់ប្រាក់ពិន័យម្នាក់ៗ ៤ម៉ឺនបាត តាមការទាមទាររបស់ថៃ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា រដ្ឋាភិបាលថៃបានដាក់បម្រាមលើការលក់គ្រឿងស្រវឹង ឬសេពគ្រឿងស្រវឹង ព្រមទាំងបញ្ជាឱ្យបិទហាង ឬដេប៉ូលក់ស្រា និងស្រាបៀរនៅទូទាំងប្រទេសថៃ ក្នុងអំឡុងរដូវបុណ្យចូលឆ្នាំថ្មី ដើម្បីបញ្ចៀសការជួបជុំ និងប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង ដែលនាំឱ្យមានការរីករាលដាលនៃកូវីដ១៩។
លោក កុយ គួង បន្តថា ដោយឡែកពលករខ្មែរ ៣នាក់ទៀត ដែលមិនទាន់បានបង់ប្រាក់ពិន័យ អាជ្ញាធរថៃនឹងបញ្ជូនសំណុំរឿងរបស់ពួកគេទៅតុលាការជាបន្តទៀត។ លោកបន្តថា វិធានការល្មើសបម្រាមនេះ មិនមែនធ្វើលើតែពលករខ្មែរនោះទេ អាជ្ញាធរថៃ គេបានធ្វើឡើងសម្រាប់ពលរដ្ឋទូទៅ រួមទាំងជនជាតិថៃផងដែរ ហើយករណីនេះ ខាងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានតាមដានជាប្រចាំផងដែរ ។
ទោះជាយ៉ាងនេះក្តី លោក កុយ គួង មិនបានបញ្ជាក់ច្បាស់ថា តើកម្ពុជានឹងត្រូវអន្តរាគមន៍បែបណាដល់ពលករខ្មែរ ចំនួន ៣នាក់ ដែលអាជ្ញាធរថៃគ្រោងបញ្ជូនឡើងតុលាការ បើសិនពួកគេគ្មានប្រាក់បង់ពិន័យ៕