ភ្នំពេញ ៖ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនបរទេសចេញពីកម្ពុជា សរុបចំនួន១១៥លើក មាន៣៣៩នាក់ ស្រី២៧នាក់ មាន៣៤សញ្ជាតិ ពាក់ព័ន្ធចំនួន២៥បទល្មើស។
តួលេខនេះ ត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយនៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ថ្ងៃទី២៨ ខែមេសានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
តាមរបាយការណ៍ ក៏បានឱ្យដឹងផងដែរថា នាយកដ្ឋានស៊ើបអង្កេត មានកន្លែងត្រៀមបណ្តេញចេញ ចំនួន៣កន្លែង រួមមាន ៖ ទី១-មណ្ឌលភ្នំពេញ ,ទី២- មណ្ឌលសៀមរាប និងទី៣-មណ្ឌលព្រះសីហនុ។
ថ្លែងក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំឱ្យការិយាល័យនីមួយៗពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយរៀបចំធ្វើរបាយការណ៍មកប្រធាននាយកដ្ឋានជារៀងរាល់សប្តាហ៍។ នាយឧត្តមសេនីយ៍ ក៏បានឱ្យប្រធាននាយកដ្ឋាន មានការប្រជុំមួយសប្តាហ៍ម្តង ជាមួយអនុប្រធាន នាយ-នាយរងការិយាល័យមួយផងដែរ។ ក្រៅពីនេះ លោកអគ្គនាយក ក៏បានផ្តាំផ្ញើដល់មន្រ្តីទាំងអស់ ឱ្យប្រុងប្រយ័ត្ន ហើយទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ផងដែរ។
គួររម្លឹកថា នៅថ្ងៃម្សិលមិញនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឱ្យដឹងដែរថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះតទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងអនុវត្តវិធានការមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា(FPCS)៕