ឃាត់ខ្លួនបុរសម្នាក់ក្នុងឃាតកម្មលើនារីរោងចក្រសង្ស័យជាករណីរំលោភសម្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2020 ក+ ក-

ភ្នំពេញ ៖ នារី​វ័យ​ ២៨ឆ្នាំម្នាក់ ត្រូវគេប្រទះឃើ់ញស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួលរបស់នាងស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមានតែពាក់អាវ តែគ្មានស្លៀកខោ និងមានស្នាមវាយឲ្យរបួស និងស្នាមចាក់ដោយកាំបិត។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ថា ការចុះប្រតិបត្តិការលើករណីឃាតកម្មនេះ ក្រោមការបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ តាមចាប់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីព្យាយាមរត់ក្រោយធ្វេីសកម្មភាពរួចប៉ុន្មានម៉ោង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ មានការប្រទះឃើញស្ដ្រីម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគេសង្ស័យថា ជាករណីរំលោភសម្លាប់។

ជនរងគ្រោះ មានឈ្មោះ សៀត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ មានស្រុកកំណេីតភូមិចា ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ការស្លាប់របស់ស្ដ្រីខាងលើ ត្រូវបានគេដាក់ការសង្ស័យជាករណីឃាតកម្មរំលោភសម្លាប់។

ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជំនាញដែលកំពុងតែធ្វើកោសល្យវិច្ច័យលើសពរបស់ស្ដ្រីរងគ្រោះ មិនបានសន្និដ្ឋានពីករណីនេះថាយ៉ាងដូចម្តេចទេ រង់ចាំបន្តស្រាវជ្រាវសិន ខណៈដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយពេលមានការភ្ញាក់ផ្អើលថា មានមនុស្សស្លាប់៕