ដោយ ៖ ប៉ែន សុផល
ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរពាក់ព័ន្ធ រួមជាមួយអាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ ចុះពិនិត្យការរដ្ឋានជួសជុលទំនប់អាងទឹកតំបន់ ដែលមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។
ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនលទ្ធភាពបង្កបង្កើនផលរបស់ប្រជាកសិកររដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការ រួមមានជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង។
ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕៊