ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ តុលាការខេត្តសៀមរាប បានបន្តសវនាការលើសំណុំរឿងឆបោកប្រាក់រាប់លានដុល្លារដែលបង្កឡើងដោយនាយកក្រុមហ៊ុនអ៊ីណារីតា ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ ប៉ុន្តែនៅខាងក្រៅតុលាការឯណោះគេឃើញបាតុករមួយក្រុមដឹកនាំដោយ លោកស្រី ខាត់ សុឃីម និងស្វាមីបាននាំគ្នាតវ៉ាទាមទារឲ្យដោះលែងនាយកក្រុមហ៊ុនអ៊ីណារីតា ដែលសមត្ថកិច្ចអះអាងថា បានធ្វើការឆបោកប្រាក់អតិថិជនជាច្រើនសិបនាក់ រហូតជាង១៤លានដុល្លាអាមេរិកទៅវិញ ហើយនេះក៏ជាបាតុកម្មតវ៉ាលើកទី២ដែរ ដែលដឹកនាំដោយលោកស្រី ខាត់ សុឃីម រួមទាំងស្វាមីផងដែរ។
បាតុកម្មតវ៉ានៅព្រឹកនេះ បណ្តាលឲ្យឲ្យមានការស្ទះផ្លូវនៅមុខសាលាដំបូងខេត្តសៀមរាប អស់ជាច្រើនម៉ោងផងដែរ បន្ទាប់មកលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបក៏បានចេញមកពន្យល់ពីបញ្ហាផ្លូវច្បាប់នៅចំពោះមុខបាតុកម្ម អំពីការឃុំខ្លួននាយកក្រុមហ៊ុនអ៊ីណារីតាខាងលើ។
សូមជម្រាបថា នាយកក្រុមហ៊ុនអ៊ីណារីតា ដែលត្រូវចាប់ខ្លួន និងធ្វើឲ្យមានការតវ៉ាទាមទារឲ្យដោះលែងនោះ មានឈ្មោះ ឌីន សួនណាត ភេទប្រុស ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ពីបទឆបោកដោយមានស្ថានទំងន់ទោស និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ នេះបើយោងតាមការបញ្ជាក់របស់លោក យិន ស្រាង ប្រធានលេខាធិការដ្ឋាននិងជាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប៕