ភ្នំពេញ៖លោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា នេះបានសរសេរលិខិតជាភាសាអង់គ្លេសឆ្លើយតបទៅនឹងការរិះគន់របស់កូនស្រីពៅលោក កឹម សុខា ដែលសរសេរក្នុងហ្វេសប៊ុករបស់នាងថា លោក សម រង្ស៊ី តែងតែរត់ចេញទៅក្រៅប្រទេសនៅពេលណាដែលសមាជិកបក្សជាកូនចៅជួបទុក្ខលំបាក។
នៅថ្ងៃទី២៣កក្កដា ម្សិលមិញនេះកូនស្រីពៅរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា បានសរសេរក្នុងគណនីហ្វេសប៊ុកដោយរិះគន់ចំៗលើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថា លោក សម រង្ស៊ី តែងតែគេចចេញទៅក្រៅប្រទេស នៅក្នុងពេលដែលមានបញ្ហាកើតឡើងក្នុងប្រទេស មិនទទួលខុសត្រូវ នៅពេលដែលកើតមានបញ្ហាមកលើកូនចៅ។
ភ្លាមៗនោះនៅថ្ងៃដដែលនេះដែរ លោក សម រង្ស៊ី បានសរសេរជាភាសាអង់គ្លេសពីទីក្រុងឆ្លើយតបពីទីក្រុងបារីសចំពោះការរិះគន់របស់កញ្ញា កឹម សម្មាធីតា ថា ការចាកចេញទៅប្រទេសបារាំង របស់លោកនាពេលនេះ មិនមែនជាការគេចវេស អំពីបញ្ហាដែលកំពុងកើតឡើងនោះទេ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនៅថ្ងៃទី២១ ខែកក្កដា គឺជាទង្វើដ៏ឃោរឃៅ នូវការបង្ក្រាប ដែលមេដឹកនាំ កំពូលរបស់គណបក្សសង្គ្រោះជាតិ បានពិភាក្សា និងសម្រេចចិត្ត ចេញសេចក្តីថ្លែងការណ៍ប្រតិកម្មភ្លាមៗផងដែរ។
លោក សម រង្ស៊ី បន្តថា ថ្ងៃនេះបើគ្មានវប្បធម៌សន្ទនា ការបង្ក្រាបអាចនឹងអាក្រក់ជាងនេះ។ នឹងមិនមានការដោះលែង អ្នកទោសនៅពន្ធនាគានៅក្នុងខែមេសា ឆ្នាំ២០១៥ ហើយវានឹងត្រូវបានគេចាប់ខ្លួនបន្ថែមទៀតនិងអំពើហឹង្សា ដូចមុនថ្ងៃទី២២ ខែកក្កដាឆ្នាំ២០១៤ ជាថ្ងៃដែលបានប្រារព្ធការចាប់ផ្តើមនៃវប្បធម៌នៃការសន្ទនានេះដែរ។
គួររំលឹកថា ការចាកចេញរបស់លោកសម រង្ស៊ី ទៅក្រៅប្រទេស គឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ រួមទាំង លោក មាជ សុវណ្ណារ៉ា ដាក់ពន្ធនាគារព្រៃស ចន្លោះពី ៧ឆ្នាំ ដល់ ២០ឆ្នាំ ក្នុងសំណុំរឿងក្តីបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥កក្កដា ឆ្នាំ២០១៤៕ដោយ៖ខេមរៈ