ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងដំណាក់កាលកូវីដ ១៩ មិនទាន់រលត់ពីប្រទេសកម្ពុជានិងពិភពលោកនៅឡើយ ការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ ក៏នៅតែបន្តហាមប្រាម ហើយនៅកម្ពុជាក៏ដូចគ្នា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តន៍រក្សាគម្លាតសង្គម ។ ដោយហេតុនេះ អង្គមេទិ្ទញរបស់កាកបាទក្រហមកម្ពុជា ដែលនឹងធ្វើឡើងនៅនៅតាមបណ្ដាខេត្តក៏បានប្រកាសមិនរៀបចំតែនៅបន្តទទួលមូលនីធិពីសប្បុរសជនដដែល ជាក់ស្ដែងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រកាសមិនធ្វើអង្គមេទ្ទិញនោះទេ តែនឹងគៀងគរមូលនីធិបន្ថែមសម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។
ក្នុងកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយផែនការខួបទី១៥៧ របស់កាកបាទក្រហមខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា យោងសេចក្តីប្រកាសព័ត៌មាន របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការប្រារព្ធមេទ្ទិញ អបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ “ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ ១៩ ) មកលើប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាពលរដ្ឋនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ។
លោកបន្តថា ទោះបីសាខាមិនបានរៀបចំពីធីមេទ្ទិញ អបអរខួបទី ១៥៧ ទិវាពិភពលោកក៏ដោយ ក៏ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនៅតែកៀងគររកមូលនិធិ និងស្វាគមន៏ការចូលរួមបរិច្ចាគនូវ ថវិកា សម្ភារៈ ដោយស្មគ្រចិត្តពីព្រះតេជគុណ សប្បុរសជន មន្រ្តីរាជការនៃស្ថាប័នរដ្ឋ និងវិស័យឯកជន ដូចដែលធ្លាប់បានធ្វើកាលពីបណ្តាឆ្នាំកន្លងទៅ ៕