ភ្នំពេញ ៖ ច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាសម្តេច សាយ ឈុំ ចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ។
ការសម្រេចដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីសន្លាងមួយសម្រាប់ប្រទេសកម្ពុជា នេះ បន្ទាប់ពីរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមេសា និងឆ្លងការពិភាក្សា និងសម្រេចដោយព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែមេសា ព្រមទាំងត្រូវបានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញប្រកាសឯកភាពថា សមស្របនឹងរដ្ឋធម្មនុញ្ញផងដែរ។
«ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានបញ្ជាក់ថា ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាគ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
សូមជម្រាបថា «ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលមាន ៥ជំពូក និងចែកជា ១២មាត្រា ត្រូវបានកត់សម្គាល់ថា បានរៀបចំឡើងស្របពេលដែលកម្ពុជា រងការរាតត្បាតពីវីរុសកូរ៉ូណា ឬកូវីដ-១៩ និងរៀបចំឡើងផ្អែកតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា នៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា៕