ពិភពលោក ៖ អង្គការពលកម្មអន្តរជាតិបានលើកឡើងវិធានការបិទទីក្រុង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នឹងធ្វើឲ្យអ្នកប្រកបការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ១ពាន់ ៦លាននាក់ដែលស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកធ្វើការក្នុងពិភពលោកប្រឈមនឹងការបាត់បង់ការងារប្រឈមនឹងការលំបាកនៃជីវភាពប្រចាំថ្ងៃ។
អង្គការពលកម្មអន្តរជាតិបានបន្តថា ពួកគេកំពុងមានជីវភាពលំបាករួចទៅហើយ ត្រូវមកប្រឈមនឹងការបាត់បង់មធ្យោបាយទាំងស្រុងបន្ថែមទៀត ដើម្បី ចិញ្ចឹមជីវិត។
តាមរបាយការណ៍របស់អង្គការអន្តរជាតិមួយនេះបានបញ្ជាក់ វិធានការបិទទីក្រុង បិទក្រុមហ៊ុន និងដាក់ក្រុងមនុស្សឲ្យនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩បានកាត់បន្ថយម៉ោងធ្វើការក្នុងពិភពលោក ប្រមាណ ៤,៥%ស្មើនឹងការងារពេញម៉ោងចំនួន១៣០លានការងារនៅក្នុងត្រីមាសទី១។ ដូច្នេះគេអាចនឹវាយតម្លៃថា ម៉ោងធ្វើការនឹងថយចុះដល់១០% នៅត្រីមាសទី២ នៅពេលវិធានការបិទទីក្រុងត្រូវអូសបន្លាយពេល ឬត្រូវពង្រីកបន្ថែមទៅលើតំបន់ផ្សេងទៀតដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។
អង្គការពលកម្មអន្តរជាតិបានលើកឡើងថា នៅអាមេរិកអឺរ៉ុប និងអាស៊ី ជាតំបន់ដែលអាចប្រឈមនឹងបាត់បង់ម៉ោងធ្វើការច្រើនជាងគេនៅត្រីមាសទី២ដោយសារតែតំបន់ខាងលើដែលរងគ្រោះខ្លាំងដោយសារជំងឺកូវីដ១៩ ហើយនៅបន្តអនុវត្តវិធានការបិទទីក្រុងបិទភោជនីយដ្ឋានដើម្បីទប់ស្កាត់ការចម្លងមេរោគ COVID-19 នេះ៕