ក្រសួង​សាធារណការបញ្ជាក់​រឿង​បណ្ណបើកបរចំពោះអ្នកប្រើប្រាស់ម៉ូតូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​បញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២០ នេះ​ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ម៉ូតូ​ដែលមាន​កម្លាំងសេះ​ចាប់ពី ១២៥សេសេ​ចុះក្រោម មិនចាំបាច់​តម្រូវឱ្យ​មានបណ្ណបើកបរ​ប្រភេទ «ក» ទេ។ ប៉ុន្តែបើប្រើប្រាស់ម៉ូតូលើសពីកម្លាំងសេះ ១២៥សេសេ គឺដាច់ខាតត្រូវតែមានបណ្ណបើកបរប្រភេទនេះ។

ក្រសួង​បន្តថា ប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​។ ត្រូវមានឯកសារដូចជា ៖ ១. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់), ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់, ៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបើប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣) ​ និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរសម្រាប់បណ្ណប្រភេទ​ គ​ ឃ​ និង​ ង​៕