ភ្នំពេញ ៖ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានរារាំងដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាមួយចំនួនក្ដី ក៏ប៉ុន្តែមិនអាចរារាំងដល់ដំណើរការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា នោះទេ ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគេអេស៊ីលីដា កាលពីថ្ងៃទី៣០ មេសា២០២០បញ្ជាក់ថា ធនាគារបានបញ្ចប់ដំណើរការបរិវិសកម្មរួចជាស្រេចកាលពីថ្ងៃទី ២៤ មេសា២០២០ និងរង់ចាំការចុះបញ្ជីភាគហ៊ុន ជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា។
លោកបន្តថា ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏វិនិយោគិនចំនួន ២.៤៩៧នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគ នៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា ។ លោកថា ៖« យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនេះ និងសូមថ្លែងអំណរគុណដល់អតិថិជន និងវិនិយោគិនទាំងអស់ ដែលបានវិនិយោគក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ។ លោកបានបន្ថែមថា » ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ ។ ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់ ។ លោកថា៖« យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ» ។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្ដិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កាលបរិច្ឆេទនៃការបោះផ្សាយលក់ជាផ្លូវការនៃ មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា នៅក្នុងផ្សារមូលបត្រកម្ពុជា អាចនឹងធ្វើឡើងនៅក្នុងអំឡុងចុងខែឧសភានេះ ។ តាមពិតទៅក៏ចង់ធ្វើអោយលឿនបំផុតនៅត្រឹមដើមខែឬពាក់កណ្ដាលខែដែរ ក៏ប៉ុន្តែវាជាពេលវេលាលឿនពេក ខ្លាចវិនិយោគិនមិនទាន់បានត្រៀមខ្លួនរួចរាល់ ដូច្នេះរំពឹងនៅចុងខែឧសភានេះ វិនិយោគនឹងរួចរាល់ទាំងអស់គ្នា ក្នុងការចូលរួមក្នុងការលក់ជាផ្លូវការ ។
លោកស្រីបន្តថា បើទោះបីជាពេលនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅតែជាបញ្ហាចោទក៏ប៉ុន្តែ បើក្រលេកទៅមើលការវិនិយោគនានា នៅក្នុងប្រទេសគឺនៅតែមានដំណើរការជាហូរហែរ ដូច្នេះហើយយើងរំពឹងថាការប្រកាសជួញដូរជាផ្លូវការ នឹងទទួលបានការគាំទ្រ តែយ៉ាងណាក៏យើងមិនអាចទាយទុកជាមុនថាវានឹងទៅជាយ៉ាងណានោះទេ ព្រោះអ្វីៗសុទ្ធតែមិនអាចមើលឃើញមុន ដឹងទុកមុន ៕