កំពង់ចាម ÷ ពិតជាគួរឲ្យសង្វេគណាស់ពេលខ្ញុំបានទៅជួបផ្ទាល់ ជាមួយប្អូនប្រុស ពិការភាព ដើរមិនរួច ដោយសារតែគ្រោះថ្នាក់ចរាចរណ៏ ហើយជីវភាពក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ បន្សល់ទុកកូនប្រុសអាយុ៨ឆ្នាំ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន និងត្រូវនៅជួយមេីលថែទាំឪពុករបស់ខ្លួនទៀត ការលេីកឡើងយ៉ាងដូច្នេះបន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរដោយសហការី នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនប្រជាពលរដ្ឋ ជួបទុក្ខលំបាក០១គ្រួសារ ដែលមានឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ព្រមទាំងបានធ្វេីការទំនាក់ទំនងទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះផងដែរ។
បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខ លោក ឈុន រិន ដែលជាជនពិការភាព ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងនគរបាលជាតិ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី ដែលបានអញ្ជេីញដោយផ្ទាល់ និងបាននាំយកថវិកា សម្ភារៈប្រេីប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានធ្វេីចរាចរណ៏តាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ព្រោះការចូលរួមការពារ ប្រសេីរជាងព្យាបាល។
គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវប្រគល់ជូននាឱកាសនោះ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល ផងដែរ ៕ ដោយ ប៉ែន សុផល