ខេត្តកែប ៖ សង្វៀនជល់មាន់លួចលាក់មួយកន្លែងស្ថិតក្នុងភូមិទូលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប និងកម្លាំងអធិការដ្ឋាន នគរបាលស្រុកដំណាក់ចង្អើរ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល្ឋបាលឃុំ អង្កោល ចុះបង្ក្រាប សង្វៀនជល់មាន់ លួចលាក់មួយកន្លែង កាលពីវេលាម៉ោង ១១ និង ៤០នាទី នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ ។
ក្នុងប្រតិបត្តិការនោះ មិនបានឃាត់ខ្លួនអ្នកលេង និងម្ចាស់សង្វៀននោះទេ ព្រោះពួកគេនាំគ្នារត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចទៅដល់ នៅសល់តែសម្ភារៈ ដូចជា ម៉ូតូចំនួន ៥ គ្រឿង ជញ្ជីងថ្លឹងមាន់ ១គ្រឿង កន្ត្រក២ និងសម្ភារ:រំខ្នាយមាន់មួយចំនួន។
ក្នុងការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ កើត សាវុធ នាយការិយាល័យព្រទណ្ឌកំរិតធ្ងន់ដែលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់លួចលាក់មួយកន្លែងឋិតនៅភូមិទួលស្រងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិ ឃុំខាងលើនោះ បានសាទរចំពោះប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបទីតាំងជល់មាន់លួចលាក់មួយកន្លែងនេះ ហើយក៏បានសំណូមពរឲ្យបន្តបង្ក្រាបទីតាំងល្បែងស៊ីសងដែលនៅសេសសល់មួយចំនួនទៀត ដែលជាការរួមចំណែករួមចំណែកយ៉ាងសំខាន់ក្នុងវិធានការភូមិឃុំមានសុវត្ថិភាព។
សមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈដែលរឹបអូសបានពីកន្លែងសង្វៀនជល់មាន់នោះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់ តែមិនបានបញ្ជាក់ច្បាស់ថា ម្ចាស់ទីតាំង និងម្ចាស់សម្ភារៈសំខាន់ៗដូចជា ម្ចាស់ម៉ូតូ ជាដើម តើត្រូវប្រមែប្រមូលដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់ដែរឬយ៉ាងណានោះទេ៕