ខេត្តកំពត ៖ ទីតាំងភ្នំធម្មជាតិអង្គរជ័យ ស្ថិតនៅភូមិភ្នំអង្គរជ័យ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងរងការជីកកាយបំផ្លាញធ្វើអាជីវកម្មពីសំណាក់ថៅកែគ្រឿងចក្រម្នាក់ ដែលគេស្គាល់ថាឈ្មោះ កែវ ឆេន។
មន្ត្រីសាលាស្រុកកំពង់ត្រាច បានបង្ហើបឲ្យដឹងថា គ្រឿងចក្រនេះ ត្រូវបានខាងមន្ទីររ៉ែ ចុះទៅធ្វើការហាមឃាត់ម្ដងទៅពីរដងរួចមកហើយ តែឥឡូវនេះ គេបន្តធ្វើសកម្មភាពកាយដូចមុន ដដែលមិនដឹងថា លោក កែវ ឆេន នេះប្រើប្រាស់ឥទ្ធិពលរបស់មន្ត្រីថ្នាក់ណានោះទេ ព្រោះបន្ទាប់ពីខាងមន្ទីរចុះទៅហាមឃាត់ គេឃើញផ្អាកបានតែ២ ទៅ៣ ថ្ងៃប៉ុណ្ណោះ ក៏បើកឡើងវិញហើយគគ្រឹកគគ្រេងជាងមុន។
បច្ចុប្បន្ន សកម្មភាពជីកកាយច្រើនជាងមុន នាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួននៅខេត្តកំពត បាននាំគ្នានិយាយរិះគន់យ៉ាងចាស់ដៃថា ហេតុអ្វីខាងជំនាញចុះមកហាមឃាត់ហើយ បែរជានៅតែធ្វើសកម្មភាពជីកកាយដីដឹកដើរលក់យ៉ាងអនាធិបតេយ្យដដែល ឬមួយក៏មានអ្វីនៅពីក្រោយឆាកនៃអាជីវកម្មលក់អាចម៍ដីដ៏គគ្រឹកគគ្រេង។
លោក អូន ខន អភិបាលនៃគណ: អភិបាលស្រុកកំពង់ត្រាច បានឲ្យដឹងថា ខ្ញុំនឹងប្រាប់ទៅលោក ជួន សុភា អភិបាលរង ស្រុកទទួលបន្ទុកការងាររ៉ែ ឱ្យចុះទៅមើល។ ដោយឡែក លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ ថាមពល ខេត្តកំពត បានឲ្យដឹងថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើល។
ចំណែកលោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យអ្នកសារព័ត៌មានជួយផ្ញើរូបភាពកាប់បំផ្លាញភ្នំខាងលើបញ្ជូនឲ្យទៅលោកមើលផង ដើម្បីលោកងាយស្រួលឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលទីតាំងនោះ៕