ភ្នំពេញ ៖ លោក កឹម សុខា និងភរិយារបស់លោកបានផ្ញើសារជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយ បានសម្តែងសមានចិត្តចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ឧបាសិកា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយបង្កើតសម្តេច ប៊ុន រ៉ានី ប្រធានកាកបាទ ក្រហមកម្ពុជា។
សូមជម្រាបថា សាររំលែកទុក្ខខាងលើរបស់លោក កឹម សុខា ត្រូវបានបង្ហោះលើ ទំព័រហ្វេសប៊ុកនៅម៉ោង៩កន្លះ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោក កឹម សុខា បានសរសេរទៅកាន់សម្តេច ហ៊ុន សែន ថា៖«មរណភាពរបស់មហា ឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌»។លោកបន្ត ថា៖«ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែក នូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយសម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិក្រុមគ្រួសារ ទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង»។
លោក កឹម សុខា ក៏បានបញ្ចប់នូវឃ្លាចុងក្រោយថា លោក បួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ របស់ឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព ៕