ភ្នំពេញ ៖ ចោរ២នាក់ដែលគេដឹងថា បានជិះកង់១គ្រឿង មកធ្វើសកម្មភាពឆ្កឹះសោ និងវាយបំបែកទ្វារកញ្ចក់ហាងលក់កាមេរ៉ាសុវត្ថិភាព និងម៉ាស៊ីនព្រីនយីហោ «ភ្នំពេញអូហ្វីសសប្លាយ៍» ចូលលួចកុំទ្យុទ័រ ១គ្រឿង និងលេបថប១គ្រឿង បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ2Eoផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ហាងខាងលើ មិនមានបុគ្គលិកណាម្នាក់ នៅដេកយាមទេ ជារៀងរាល់យប់ តែងតែចាក់សោទ្វារទុកចោល។ ដោយនៅថ្ងៃកើតហេតុ ខណ:ដល់វេលាត្រូវបិទហាង បុគ្គលិកទាំងអស់ រួមជាមួយអ្នកគ្រប់គ្រង ក៏បាននាំគ្នារៀបចំចាក់សោបិទទ្វារហាង រួចចេញទៅផ្ទះរៀងៗខ្លួន។ លុះដល់ពេលកើតហេតុ ស្រាប់តែមានសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងតាមទូរស័ព្ទ ទៅប្រាប់ថា ហាងត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆ្កឹះសោទ្វារ និងវាយបំបែកទ្វារកញ្ចក់ បណ្តាលឲ្យបែកអស់មួយផ្ទាំងទំហំប្រមាណ២x១ម៉ែត្រកន្លះ។
បន្ទាប់មកពួកគាត់ ក៏ប្រញាប់ប្រញាល់នាំគ្នា ចុះមកត្រួតពិនិត្យមើល នៅទីតាំងខាងលើ រួមទាំងឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាងមុខហាង ទើបដឹងថា ជនសង្ស័យមានគ្នាចំនួនពីរនាក់ បានជិះមួយគ្រឿងមកធ្វើសកម្មភាពឆ្កឹះសោទ្វារ និងវាយបំបែកទ្វារកញ្ចក់មួយជាន់ទៀត ដើម្បីចូលទៅខាងក្នុងហាងលួចយកកុំព្យូទ័រលើតុចំនួន១គ្រឿងនិងឡេបថបចំនួន១គ្រឿង ហើយបាននាំគ្នាឡើងជិះកង់ គេចចេញពីកន្លែងកើតហេតុបាត់ទៅ ៕