ធ្លាប់ឆ្ងល់ទេ ! រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ ទើបប៉ះពាល់សុខភាព ?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2020 ក+ ក-

 

សុខភាព ៖ មនុស្សភាគច្រើន មានទស្សនៈផ្ទុយគ្នាចំពោះគាររួមភេទច្រើន ឬតិចដែលអាចជួយឲ្យមានសុខភាពល្អ​ ប៉ុន្តែវាគឺជា​ជំនឿ​មួយ​ដែល​ពេញនិយម​ណាស់​ដែល​ការ​រួមភេទ​ញឹកញាប់​អាចមាន​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​អាចជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មានកូន ជួយ​ឲ្យ​ស្ត្រី​មក​រដូវ​ទៀង ព្យាបាល​ជំងឺ​ផ្តាសាយ និង​សម្រក​ទម្ងន់​។ យ៉ាងណាមិញ ការរួម​ភេទ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​ជំរុញ​ឲ្យ​មើលទៅ​កាន់តែ​ក្មេង​ជាង​វ័យ​ផងដែរ​។​

​ប៉ុន្តែ​វា​តែងតែមាន​ការបារម្ភ​មួយចំនួន​ដែល​និយាយថា តើ​មនុស្ស​យើង​រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅថា​ជ្រុល​ខ្លាំង​ទៅ​? តើ​វា​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?

​តើ​រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅថា​ច្រើន​ជ្រុល​ ?
​បើសិន​ជាការ​រួមភេទ​ចាប់ផ្តើម​ពេញ​មួយថ្ងៃ ហើយ​ចាប់ផ្តើម​រំខាន​ដល់​ទំនាក់ទំនង​ស្នេហា ការងារ ឬ​លក្ខណៈ​ផ្ទាល់ខ្លួន​ច្រើន នោះ​ហើយ​ទើប​ហៅថា​ជ្រុល​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ការរួម​ភេទ​ម្តង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​មួយ​ល្អ ហើយ​វា​គួរតែ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត​ទាំងសងខាង​ផងដែរ​។​

​តើ​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ បើសិនជា​រួមភេទ​ច្រើនពេក​ ?
​ការ​រួមភេទ​ច្រើនដង​ក្នុងពេល​វេលា​ដ៏​ខ្លី​អាច​បណ្តាល​ឲ្យ​មាន​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន​។ ធម្មតា បង្ហួរនោម​គឺជា​បំពង់​បង្ហូរ​ទឹកនោម​ដែល​ត​ភ្ជាប់​ពី​ប្លោកនោម​ដើម្បី​បញ្ចេញ​ទឹកនោម​មក​ខាងក្រៅ ហើយ​វា​ក៏​ស្ថិត​នៅជាប់​នឹង​ទ្វារមាស​ដែរ​។ គ្រប់​ពេលដែល​អ្នក​រួម​ភេទ វា​អាច​នឹងធ្វើ​ឲ្យ​បាក់តេរី​ចេញពី​ទ្វារមាស​ចូលទៅក្នុង​បង្ហួរនោម រួច​ចូលដល់​ប្លោកនោម​បាន​។ បើសិនជា​អ្នក​រួមភេទ​ច្រើនដង​ក្នុង​ពេលវេលា​ដ៏​ខ្លី ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​នឹងមាន​ខ្ពស់​ជាមិនខាន​។​

​ការស្រាវជ្រាវ​បាន​រកឃើញថា គូរ​ស្នេហ៍​ដែល​រួមភេទ​ពីរដង​ក្នុង​មួយ​សប្តាហ៍​មានការ​កើនឡើង​ចំនួន​អង់ទីគ័រ​ការពារ​ការ​បង្ក​រោគ​ខ្ពស់ជាង​អ្នក​ដែល​មិនសូវ​រួមភេទ​រហូតដល់ ៣០​ភាគរយ​ឯណោះ​៕