ភ្នំពេញ ៖ តុលាការយោធាប្រកាសសាលក្រមផ្តន្ទាទោសអតីតយោធាផ្កាយពីរ និងបក្ខពួកឲ្យជាប់ពន្ធនាគាររយៈពេលពី១៦ឆ្នាំទៅ១៩ឆ្នាំ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងសំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ គឺបន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
ជនជាប់ចោទ ៖ ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ជាអតីតជាឧត្តមសេនីយ៍ទោ មុខងារ នាយករងទីចាត់ការបច្ចេកទេសអគ្គបញ្ជាការ ផ្តន្ទាទោស ១៦ឆ្នាំ។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា ជាអតីតជំនួយការសេនាធិការ កងពលអន្តរាគមន៍លេខ ១ ផន្ទាទោស ១៩ឆ្នាំ។
តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។
មាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌៈ បទបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធៈ អំពើបង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕