ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់នៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដែលមិនជាសះស្បើយ សោះនោះ នៅថ្ងៃនេះក្រសួងសម្រេចឱ្យបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាំង២នាក់ហើយ។
លោកស្រីបានបញ្ជាក់តាមបណ្តាញ Telegram យ៉ាងដូច្នេះថា ៖ «មិនធ្ងន់ទេ តាមសភាពទូទៅរបស់អ្នកជំងឺ តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ។ ថ្ងៃនេះ ក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ។ វីរុសនេះ យើងពិបាកនឹងដឹងណាស់ ដោយសារអ្នកទាំងពីរ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ មានបញ្ហាសុខភាពប្រចាំកាយ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត តម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត។ ជូនពរពួកគាត់ឲ្យបានឆាប់ជាសះស្បើយ ពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ លោកបន្តការប្រុងប្រយ័ត្នការពារការចម្លងរលកទីពីរនៃវីរុសកូវីដ-១៩ នេះជាចាំបាច់ ត្រូវចងចាំថា ៖ “យើងអាចភ្លេចវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនដែលភ្លេចយើងនោញទេ»៕