ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរនាំឲ្យរីកចម្រើននៃគម្រោងអភិវឌ្ឍន៍សាងសង់ច្រាំងទន្លេមេគង្គ ស្ថិតនៅចំណុចក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង -ស្រុក ពាក់ព័ន្ធផងដែរ។
គួររំលឹកផងដែរថា ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាមប្រវែង១៨៥ម៉ែត្រ ស្ថិតនៅក្នុងក្រុងកំពង់ចាមដោយចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាមត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពលោអភិបាលខេត្ត និងលោកប្រធានក្រុមប្រឹក្សាខេត្ត ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាមបានកំពុងសិក្សាគម្រោងសាងសង់ខឿនច្រាំងទន្លេចំនួន០២កន្លែងផ្សេងទៀត នៅចំណុចកំពង់ចម្លងជីហែ ឃុំពាមប្រធ្នោះ និងឃុំពង្រ ស្រុកកោះសូទិន ដែលទទួលរងផលប៉ះពាល់ដោយសារការបាកស្រុតច្រាំងទន្លេយ៉ាងធ្ងន់ធរនាពេលកន្លងមកផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានជំរុញឲ្យក្រុមហ៊ុនម៉ៅការ និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យ និងសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់ក្នុងការសាងសង់ ខឿនច្រាំងទន្លេដោយមានគុណភាពរឹងមាំល្អសម្រាប់ជារបាំងការពារទឹកជំនន់ទន្លេមេង្គ។ បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឲ្យធ្វើការសាងសង់តាមបទបដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់ និងធ្វើយ៉ាងណាឲ្យការសាងសង់ច្រាំងទន្លេនេះរួចមុនរដូវទឹកឡើងនាពេលខាងមុខនេះផងដែរ៕ ដោយ ៖ ប៉ែន សុផល