ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមានយានយន្តចំនួន១៨,៤៥០គ្រឿង ល្មើសច្បាប់ ស្មើនឹង១៩,១៦០ករណីត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១៨,៤៦០គ្រឿងនេះ មានម៉ូតូចំនួន១៤,៦០៣គ្រឿង ល្មើសច្បាប់ស្មើនឹង១៤,៣៤០ករណី និងរថយន្ដចំនួន៤,៨៤៧គ្រឿង ល្មើសច្បាប់ ស្មើនឹង៤,៨២០ករណី។
អំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់ និងជិះបញ្ជ្រាស។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន,បណ្ណបើកបរ ដឹកលើសចំណុះ, និងផ្ទុកទំនិញលើស ស្លាកលេខ ភ្លើង។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១០ថ្ងៃនេះថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានរកឃើញ យានយន្តល្មើស ចំនួន១,២២៨គ្រឿង ក្នុងនោះមានម៉ូតូ៨៤២គ្រឿង និងរថយន្ត ៣៨៦គ្រឿង។
អំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកសម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន៕