ស៊ីដនី ៖ ក្មេងៗនៅតាមបណ្តារដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី អាចទៅកាន់សាលារៀននៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នេះ ដើម្បីបន្តការសិក្សាពួគគេឡើងវិញ ក្រោយពីសម្រាកអស់ជាច្រើនសប្តាហ៍ ដោយសារតែការរឹតបន្តឹង ពាក់ព័ន្ធជំងឺរាតត្បាតសកល COVID-10។ នេះបើតាមការចេញផ្សាយដោយ CNA។
ក្មេងៗនៅរដ្ឋញូសោតវែលស៍ (New South Wales) និង ឃ្វីនស៍លែនដ៍ (Queensland) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅប្រទេសអូស្ត្រាលី បានចូលសាលារៀនវិញជាបណ្តើរៗហើយ ប៉ុន្តែស្ថិតនៅក្រោមការអនុវត្តន៍ វិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួន ក្នុងនោះមានដូចជាការលាងសម្អាតដៃ និងការវាស់ស្ទង់កម្តៅរាង្គកាយជាប្រចាំផងដែរ។
ជុំវិញការអនុញ្ញាតឲ្យសិស្សចូលរៀនវិញនេះ ប្រធានរដ្ឋបាលប្រចាំរដ្ឋ ញូសោតវែលស៍ លោកស្រី ក្លេឌីស៍ ប៊ឺរេជីកលីអេន (Gladys Berejiklian) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានានៅទីក្រុងស៊ីដនីថា «ខ្ញុំគិតថា នេះជាការសម្រាលបន្ទុកដ៏ធំធេងមួយ សម្រាប់ក្រុមគ្រួសារនានា។ វាក៏ជាការសម្រាលបន្ទុកដ៏ធំ សម្រាប់អាជ្ញាធររដ្ឋផងដែរ ពីព្រោះយើងដឹងថា តើវាមានសារៈសំខាន់កម្រិតណា ក្នុងការអនុញ្ញាតឲ្យសិស្សានុសិស្សទាំងអស់ ទទួលការអប់រំដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ»។
លោកស្រីបន្តថា សម្រាប់ការបើកឡើងវិញនៅថ្ងៃចន្ទនេះ គឺជាតំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយការបើកសាលារៀនពេញលេញ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ចុងខែឧសភា បន្ទាប់រាជរដ្ឋាភិបាល បានសម្រេចធ្វើការរឹតបន្តឹង និងបិទសាលារៀនទូទាំងប្រទេសអស់ជាង៣សប្តាហ៍មកហើយ នៅពេលមើលឃើញសន្ទុះកើនឡើងនៃការឆ្លង COVID-19។
សូមជម្រាបថា បច្ចុប្បន្នតួលេខអ្នកឆ្លងជំងឺ COVID-19 សរុបនៅអូស្ត្រាលីមាន ៦,៩៤១ករណី ក្នុងនោះស្លាប់៩៧នាក់ និងជាសះស្បើយ ៦,១៦៣នាក់៕