ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ហើយពុំមានករណីឆ្លងថ្មីទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ គាត់រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕