វៀតណាម ៖ អាជ្ញាធរនៅសាលាមត្តេយ្យ និងសាលាបឋមសិក្សាក្នុងប្រទេសវៀតណាមបានធ្វើការពិនិត្យកម្ដៅរបស់កុមារនៅក្លោងទ្វារនៅពេលដែលពួកគេបានបើកឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីការបិទរយៈពេលមួយខែលើការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ខណៈដែលនៅផ្នែកខ្លះនៃសាលារៀនដទៃទៀតក៏បានបើកឡើងវិញកាលពីសប្ដាហ៍មុនផងដែរ ។
ជាមួយនឹងការឆ្លងត្រឹមតែ ២៨៨ ករណី និងមិនមានអ្នកស្លាប់នោះ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមិនបានឃើញមានការឆ្លងជាសហគមន៍រយៈពេលជិតមួយខែមកហើយ ហើយបានដាក់វានៅលើផ្លូវដើម្បីបន្តសកម្មភាពឆាប់ជាងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ។
សិស្សសាលាថ្នាក់ទី ៥ ម្នាក់ឈ្មោះ Vu Tuan Phong បាននិយាយនៅខាងក្រៅសាលាបឋមសិក្សារបស់គាត់នៅទីក្រុងហាណូយថា “គ្រូបង្រៀនបានប្រាប់យើងឲ្យប្រើទឹកអនាម័យលាងសម្អាតដៃ ហើយមិនត្រូវប៉ះគ្នានៅសាលានោះទេ” ។ទន្ទឹមនោះគាត់ និងមិត្តរួមសាលាបានត្រលប់ទៅផ្ទះវិញនៅពាក់កណ្តាលថ្ងៃដោយសារសាលារៀនភាគច្រើនមានរយៈពេលបង្រៀនខ្លីជាងមុន ខណៈពេលមានជំងឺរាតត្បាតនេះ ។
ចំណែកម្តាយម្នាក់ឈ្មោះ Ngoc Anh អាយុ ២៩ ឆ្នាំបាននិយាយថា “ទាំងឪពុកម្តាយផ្សេងៗ និងខ្ញុំផ្ទាល់ជឿជាក់ថា រដ្ឋាភិបាលក៏ដូចជាសាលារៀននឹងចាត់វិធានការល្អបំផុតដើម្បីឲ្យក្មេងៗមានសុវត្ថិភាពនៅក្នុងសាលារៀន ហើយឪពុកម្តាយមានសេចក្តីសុខក្នុងការទៅធ្វើការផងដែរ” ។បន្ថែមពីនេះការបើកសាលារៀនឡើងវិញជាជំហានចុងក្រោយបង្អស់របស់ប្រទេសវៀតណាមក្នុងការបញ្ឈប់ការទប់ស្កាត់វីរុសទោះបីការហោះហើរពាណិជ្ជកម្មអន្តរជាតិ ក្លឹបរាំ និងខារ៉ាអូខេនៅតែត្រូវបានហាមឃាត់ក៏ដោយ ។
រីឯសាលារៀនសម្រាប់កុមារធំៗក៏បានបើកដំណើរការឡើងវិញនៅផ្នែកខ្លះកាលពីសប្តាហ៍មុនផងដែរ ។ក្នុងនោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាននិយាយកាលពីសប្តាហ៍មុនថា “ហានិភ័យនៃជំងឺ COVID-19 នៅប្រទេសវៀតណាមនាពេលនេះគឺទាប ហើយនោះគឺជារឿងល្អ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នផងដែរ” ៕