ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ូលិស ស្រុកស្អាងបានរាយការណ៍ នៅថ្ងៃទី១១ ឧសភាម្សិលមិញថា មាន ករណីសង្ស័យជាអំពើឃាតកម្មដែលបង្កឡើងដោយបុរសជាប្តីវាយសម្លាប់ប្រពន្ធ បន្ទាប់ពីលែងលះគ្នារយៈពេលជាង១ខែមកហើយ។ ករណីនេះកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើត ស្ពានបឹងកាចាន់ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង។
មន្ត្រីប៉ូលិសបុស្តិ៍រដ្ឋបាល ឃុំស្អាងភ្នំបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជា (ប្រពន្ធ) ឈ្មោះ នី ឡេហ្សា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង (ស្លាប់)។ ចំណែកជនសង្ស័យជា (ប្ដី) ឈ្មោះ ជួន សារ៉ន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។
ប្រភពបន្តថា កន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធបានឈ្លោះលែងលះគ្នារយៈពេលជាង១ខែមកហើយ។ លុះដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាល
ឲ្យធ្លាក់ពីចិញ្ចើមផ្លូវ រួចអង្គុយនិយាយជាមួយប្រពន្ធ បានបន្តិចជនសង្ស័យបានយកដៃឆ្វេងគៀកករ ហើយយកដៃស្ដាំដាល់ទៅលើដើមទ្រូងជនរងគ្រោះ។ ប្រភពបញ្ជាក់ថា ពេលវាយរួចជនសង្ស័យ បានឡើងជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះបានដួលផ្កាប់មុខទៅលើដី ហើយបានក្រុមគ្រួសារដឹកយកទៅពេទ្យ តែជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។
ប្រភពឲ្យដឹងទៀតថា ដោយបានការបញ្ជាដឹកនាំពីលោកស្នងការ ប៉ូលិសខេត្តកណ្តាល និងទទួលបានការសម្របសម្រួល នីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ឧសភា ២០២០ មន្ត្រីជំនាញ ខេត្ត ស្រុក ប៉ុស្តិ៍បានដំណើរការធ្វើកោសល្យវិច័យលើសាកសព និង បើកការស៊ើប អង្កេតរកបទល្មើស ដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។ ជាលទ្ធផលត្រួតពិនិត្យសាកសពសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយអំពើ(ឃាតកម្ម)។ ចំណែកសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារញាតិសន្តានយកទៅធ្វើបុណ្យតាមគន្លងប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតាមដានស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់៕