ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះថា ទោះកម្ពុជាមានចំនួនអ្នកជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ គឺសម្តេចបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នជាប់ជានិច្ច។
តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា តែក្នុងមួយប៉ប្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងពិភពលោក បានកេីនជាង៤លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។
សម្រាប់កម្ពុជាមកដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ១២១នាក់ហើយ នៅសល់តែ ១នាក់ទៀតប៉ុណ្ណោះ។ ជាមួយគ្នារយៈពេលជិត ១ខែហើយ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការជាច្រើន ដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩មកលើប្រជាពលរដ្ឋនោះ នៅតែមានការបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ។ សម្តេចនាយករដ្ឋមន្ត្រី បន្តរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំ។
សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគ។ លើសពីនេះទៀត ត្រូវពាក់ម៉ាស ឬក្រម៉ាកុំឱ្យឆ្លងរោគ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។
សម្តេចតេជោ ក៏បានរំលឹកឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ឱ្យដឹងថា កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ទៀត ពោលគឺសល់តែ១នាក់ចុងក្រោយប៉ុណ្ណោះ ដែលមិនទាន់ជាសះស្បើយ៕